Header Ads

យល់ដឹងផ្នែកច្បាប់៖ អាពាហ៍ពិពាហ៍ស្របច្បាប់

យល់ដឹងផ្នែកច្បាប់៖ អាពាហ៍ពិពាហ៍ស្របច្បាប់


0
593
នៅក្នុងសង្គមខែ្មរបុរស-នារីនៅពេលដល់អាយុពេញវ័យ ឪពុក-ម្តាយតែងតែរៀបចំទុកដាក់ឲ្យមានគូស្រករដើម្បីបង្កើតគ្រួសារ បន្តពូជវង្សត្រកូលតាមរយៈការរៀបចំពិធី អាពាហ៍ពិពាហ៍ ដែលមានលក្ខណៈតូច ឬធំទៅតាមលទ្ធភាពគ្រួសារ និងគោរពទៅតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ។
ប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតាមជនបទហាក់មានទំនោរយ៉ាងខ្លាំងទៅលើការរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណី ទំនៀមទម្លាប់ ដោយមិនមានការចាប់អារម្មណ៍ទៅលើការចុះបញ្ជីអាពាហ៍ពិពាហ៍ ដែលប្រជាពលរដ្ឋមួយចំនួនតែងនិយមហៅថា «អេតាស៊ីវិល» ដែលជាពាក្យរបស់បារាំង។ ដើម្បីយល់កាន់តែច្បាស់ថា តើដូចម្តេចហៅថា អាពាហ៍ពិពាហ៍ស្របច្បាប់ និងដើម្បីឲ្យអាពាហ៍ពិពាហ៍មួយមានលក្ខណៈស្របច្បាប់ ត្រូវមានគោរពតាមលក្ខខណ្ឌអ្វីខ្លះ?
កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទស្តីពី «អាពាហ៍ពិពាហ៍ស្របច្បាប់» មកធ្វើការចែករំលែកដូចតទៅ៖
បុរស-នារីបើគ្រាន់តែរៀបអាពាហ៍ពិពាហ៍ (រៀបការ) តាមបែបប្រពៃណី ទំនៀមទម្លាប់ ឬពិធីតាមបែបសាសនាណាមួយ ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខ មន្រ្តីអត្រានុកូលដ្ឋានខាងលំនៅដ្ឋានរបស់នារី នោះមិនអាចចាត់ទុកថា មានចំណងអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ជាប្តី-ប្រពន្ធទ្បើយ។ ការរួមរស់ជាប្តី-ប្រពន្ធដោយមិនមានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់បែបនេះ ត្រូវបានហៅថា «អនីតិសង្វាស់» អាចនាំឲ្យកូនដែលកើតមក គឺជាកូនរបស់ម្តាយ ប៉ុន្តែអាចមិនមែនជាកូនរបស់ឪពុកទ្បើយ មានន័យថា បើគ្មានអាពាហ៍ពិពាហ៍ស្របច្បាប់ទេ យើងមិនអាចសន្មត់ថា បុគ្គលណាមួយជាឪពុករបស់ក្មេងទ្បើយ ប៉ុន្តែគេអាចទទួលស្គាល់ចំណងបុត្តភាពនៅពេលក្រោយបាន។ ក្រៅពីចំណុចនេះក៏អាចនំាឲ្យភាគីម្ខាងលបលួចទៅរួមរស់ ឬ រួមសេវនកិច្ចជាមួយបុរស-នារីផេ្សងទៀត ហើយភាគីម្ខាងគ្មានសិទិ្ធប្តឹងភាគីម្ខាងទៀតឲ្យទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌជាដើម។
ដើម្បីឲ្យអាពាហ៍ពិពាហ៍ស្របច្បាប់ បុរស-នារីត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖ 
ក៖ លក្ខខណ្ឌសារធាតុ៖
១- ការព្រមព្រៀង៖ អាពាហ៍ពិពាហ៍ គឺការព្រមព្រៀងដែលកើតចេញពីឆន្ទៈពិតប្រាកដរបស់បុរស-នារី ដើម្បីរួមរស់ជាមួយគ្នា ហើយគ្មានភាគីណាមួយអាចរំលាយ អាពាហ៍ពិពាហ៍នេះទៅតាមទំនើងចិត្តបានទ្បើយ។
២. ភេទ៖ ការរៀបអាពាហ៍ពិពាហ៍ ភាគីចាំបាច់ត្រូវតែមានភេទផ្ទុយគ្នា។ ច្បាប់មិនអនុញ្ញាតឲ្យភាគីមានភេទដូចគ្នារៀបអាពាហ៍ពិពាហ៍ទ្បើយ។
៣. អាយុ៖ បុរស-នារីដែលដល់នីតិភាព ពោលគឺចាប់ពីអាយុ១៨ឆ្នាំឡើងទៅ អាចរៀបអាពាហ៍ពិពាហ៍បាន។ ប៉ុន្ដែក្នុងករណីដែលភាគីម្ខាងបានដល់នីតិភាព ហើយភាគីម្ខាងទៀតជា អនីតិជនដែលមានអាយុមិនតិចជាង១៦ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បានដោយទទួលការយល់ព្រមពីអ្នកដែលមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់ អនីតិជននោះ។ បើអ្នកដែលមានអំណាចមេបាម្ខាងណាមិនយល់ព្រមទេ គ្រាន់តែមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបាម្ខាងជាការគ្រប់គ្រាន់។
ក្នុងករណីដែលអ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន បដិសេធការយល់ព្រមដោយគ្មានមូលហេតុសមរម្យ អនីតិជនដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ អាចទាមទារទៅតុលាការឲ្យសម្រេចសេចក្តីជំនួសការយល់ព្រមនោះបាន។
៤. នៅលីវ៖ ច្បាប់បានទទួលស្គាល់តាមគោលការណ៍ស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយ ហេតុនេះបុរស-នារីដែលមាន បំណងរៀបអាពាហ៍ពិពាហហ៍ត្រូវតែនៅលីវ។ ប្រសិនបើភាគីណាមួយកំពុងមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ត្រូវតែបញ្ចប់ចំណងអាពាហពិពាហ៍នោះជាមុនសិនតាមរយៈសេចក្តីសម្រចរបស់តុលាការ។
ក្រៅពីលក្ខខណ្ឌខាងលើ ច្បាប់បានហាមឃាត់ការរៀបអាពាហ៍ពិពាហ៍ដូចខាងក្រោម៖
* ហាមឃាត់មិនឲ្យមានទ្វេពន្ធភាព៖ បុគ្គលដែលមានសហព័ទ្ឋ (ប្តី-ប្រពន្ធ) ហើយ ពុំអាចរៀបអាពាហ៍ពិពាហ៍ទៀតបានទ្បើយ។
* អំទ្បុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត៖ នារីពុំអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានទ្បើយ
ប្រសិនបើអំទ្បុងពេល ១២០ ថ្ងៃ ពុំទាន់បានកន្លងផុត គិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ
ឬ លុបចោល ។
* ហាមឃាត់អាពាហ៍ពិពាហរវាងញាតិ៖ អាពាហ៍ពិពាហ៍មិនអាចធ្វើទ្បើងរវាងញាតិលោហិតផ្ទាល់ ឬសាខាញាតិលោហិតក្នុង ៣ ថ្នាក់ រាប់ទាំងថ្នាក់ទី ៣ ផង និងរវាងញាតិពន្ធនៃខ្សែផ្ទាល់ ព្រមទាំងរវាងសាខាញាតិពន្ធនៅក្នុង ៣ ថ្នាក់ រាប់ទាំងថ្នាក់ទី៣ ផង។
ខ. លក្ខខណ្ឌទម្រង់ ឬនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍ មានដូចខាងក្រោម៖
១៖ ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍៖ បុរស-នារីដែលមានបំណងរៀបអាពាហ៍ពិពាហ៍នៅពេលខាងមុខ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋាននៃឃុំ-សង្កាត់លំនៅដ្ឋានសាមីខ្លួនខាងនារី ។ មន្ត្រីអត្រានុកូលដ្ឋាន ត្រូវពិនិត្យឲ្យបានហ្មត់ចត់នូវពាក្យសុំនោះ ដោយផ្អែកទៅលើលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ ។
២៖ ការប្រកាសអាពាហ៍ពិពាហ៍៖ បន្ទាប់ពីបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវហើយ មន្រ្តីអត្រានុកូល ដ្ឋានឃុំ-សង្កាត់ ត្រូវចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដើម្បីយកទៅ បិទផ្សាយជាសាធារណៈនៅលំនៅដ្ឋាននិងនៅសាលាឃុំ-សង្កាត់នៃសាមីខ្លួននារី និងនៅមុខលំនៅដ្ឋាននិងសាលាឃុំ/សង្កាត់សាមីខ្លួនបុរស។ ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ត្រូវបិទផ្សាយក្នុងរយៈពេល១០ថ្ងៃ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ដើម្បីឲ្យជនដែលមានប្រយោជន៍ក្នុងរឿងនេះ អាចប្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន ប្រសិនបើមានការមិន យល់ស្របនឹងអាពាហ៍ពិពាហ៍នោះ។ ផុតរយៈពេល១០ថ្ងៃ អាពាហ៍ពិពាហ៍អាចធ្វើទៅបានបើគ្មានការប្តឹងជំទាស់។ បើមានបណ្តឹងជំទាស់នឹងអាចរៀបអាពាហ៍ពិពាហ៍បាន លុះត្រាតែបណ្តឹងជំទាស់នោះត្រូវបានសមត្ថកិច្ចដោះស្រាយចប់។
៣៖ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍៖ បន្ទាប់ពីបានបិទប័ណ្ណប្រកាសអាពាហ៍ពិពាហ៍បាន ចំនួន១០ថ្ងៃ ដោយមិនមានការប្ដឹងជំទាស់ទេ និងរៀបចំពិធីអាពាហ៍ពិពាហ៍ចប់សព្វគ្រប់ សាមីខ្លួនទាំងសងខាងត្រូវទៅសាលាឃុំ/សង្កាត់ ដើម្បីចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអាត្រានុកូលដ្ឋានខាងលំនៅដ្ឋាននារី។ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ត្រូវមានសាក្សីពីរនាក់គ្រប់អាយុការទៅជាមួយ ដើម្បីបញ្ជាក់ពីការដឹងលឺ ឬធ្វើជាសាក្សី ។
៤៖ ការចុះបញ្ជីអាពាហ៍ពិពាហ៍៖ បន្ទាប់ពីបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍រួច មន្រ្តីអត្រានុកូលដ្ឋានត្រូវស្រង់ទិន្នន័យភាគីទាំងសងខាង និងចុះសៀវភៅអាពាហ៍ពិពាហ៍ រួចហើយត្រូវប្រគល់ឲ្យសាមីខ្លួនប្តី-ប្រពន្ធនូវសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ច្បាប់ដើម និងចេញសេចក្តីចម្លងតាមការស្នើសុំរបស់សាមីខ្លួនដើម្បីទុកប្រើប្រាស់។
សរុបមកអាពាហ៍ពិពាហ៍ដែលស្របច្បាប់ ត្រូវតែគោរពនូវលក្ខខណ្ឌទាំងពីរខាងលើ ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំត្រង់ចំណុចទីពីរនៃលក្ខខណ្ឌទម្រង់ គឺការទទួលបានប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដោយយល់ច្រទ្បំថាវាជាសំបុត្រអាពាហ៍ពិពាហ៍ តែធាតុពិតចំណុចនេះគ្រាន់តែជាផ្នែកមួយនៃនីតិវិធី ចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ប៊ុន វិទូ ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ

No comments