ទឹកមួយផ្តិល
ទឹកមួយផ្តិល
------------
------------
ទី១. ថវិកានេះគួរកាត់បន្ថយ អោយសមល្មមនឹងស្ថានភាពរាស្ត្រជាក់ស្តែង។ បញ្ហានៅត្រង់ថា នៅពេលរាស្ត្រសាមញ្ញក្នុងនគរសំឡឹងឃើញលុយធ្វើបុណ្យសពមន្ត្រីធំ ក្នុងនគរជិតមួយលានដុល្លារ គាត់ចាប់ផ្តើមឆ្ងល់ ហើយសួរជាសំនួរ បន្ទាប់មក យកទៅប្រៀបធៀបនឹងជីវិតរបស់ពួកគាត់។ កន្លែងនេះ ចាប់ផ្តើមធ្វើអោយកសិករ ពលករ រាស្ត្រតូចតាច យល់ថា រាជការមិនយុត្តិធម៌ចំពោះរាស្ត្រសាមញ្ញ។ បើគាត់រកបីពេលច្រកឆ្នាំងយ៉ាងលំបាកផង ហេតុអ្វីយើងយកលុយគាត់ជិត១លានដុល្លារចូលបុណ្យ។ យើងអាចនិយាយបានថា ប្រហែលគ្មានគ្រួសារសម្តេចណាមួយ ក្នុងនគរខ្មែរខ្វះលុយ ៣០០០លានរៀលធ្វើបុណ្យសពទេ។ ដូច្នេះគ្រួសារសពសម្តេច មិនចាំបាច់ត្រូវការលុយនេះ ក៏បានដែរ។ ថាមិនត្រូវការ ក៏មិនត្រូវការចុះ តែរាជការ ត្រូវមានកាតព្វកិច្ចរៀបចំពិធីអោយសមឋានៈមន្ត្រី។ បុណ្យមែនទែន អាចអស់ច្រើនជាងនេះទៅ ទៀត។ វាស៊ីសងលើយើង ធ្វើធំ ឬតូច ឬមធ្យមអោយសមនឹងស្ថានភាពរាជការ។ មន្ត្រីធំស្លាប់ មិនមែនមានតែសាច់ញាត់ទេ តែមានទាំងមន្ត្រីទូតតូចធំមកដែរ ដូច្នេះត្រូវរៀបចំអោយសមភ្នែកភ្ញៀវ។ ករណីរបស់ស្តេចឪជារឿងដោយឡែក។ ប៉ុន្តែលុយរាជការ ៣០០០លានរៀល ប្រហែលជាលើសហើយ។
ទី២. បើក្នុងករណីលុយនេះ ត្រូវរក្សាទុក ៣០០០លានរៀលដដែល សម្រាប់បុណ្យសព មន្ត្រីធំ ឋានៈសម្តេច។ គួរបង្កើតគណៈកម្មការបុណ្យសពដែលរាជការ អ្នកដឹកមុខ ហើយតំណាងគ្រួសារសពចូលរួមជាសមាជិក។ ចាយវាយអស់ប៉ុណ្ណា គឺគណៈកម្មការបុណ្យអ្នកចេញ។ ទូរទាត់លាត់សើយរួចហើយ សល់ប៉ុន្មានកាត់អោយគ្រួសារសពក៏បាន ឬបញ្ជូនអោយរាជការវិញក៏កាន់តែល្អ។ យ៉ាងណា ក៏ដោយ បើប្រគល់លុយ ៣០០០លានរៀលទៅគ្រួសារសពសម្តេច មិនត្រឹមតែមិនបានប្រើលុយ ដើម្បីជួយរៀបចំពិធីលើកមុខលើកមាត់សម្តេច ប៉ុន្តែបែរជាធ្វើអោយរាស្ត្រកើតទុក្ខមិនសុខចិត្ត និន្ទារសើចចំអកទាំងរាជការ ជាពិសេសគ្រួសារសព និងរូបសម្តេចណាម្នាក់ដែលស្លាប់ទៅហើយនោះ យ៉ាងធ្ងន់ធ្ងរទៅវិញ។ មែនទែនគ្រួសារសពសម្តេចណាមួយនោះ គេក៏មិនត្រូវការលុយ ៣០០០លានរៀល ដែលរាជការអោយ តែត្រូវអ្នកស្រុកប្រមាថសពឪ របស់គេនោះទេ។
ដូច្នេះដើម្បីអោយត្រូវទាំងអស់គ្នា។ វិធីទី១ គឺចាំបាច់ត្រូវគិតគូរបន្ថយអោយសមនឹងស្ថានភាពរាជការ។ វិធីទី២ បើជ្រុលនឹងចេញបញ្ជាទៅហើយ ត្រូវប្រគល់លុយទៅគណៈកម្មការបុណ្យសព ដែលបង្កើតឡើងដោយរាជការ ហើយចប់បុណ្យ សល់ប៉ុន្មានប្រគល់មករាជការវិញ។ បុណ្យក៏ល្អ សពសម្តេចក៏បានលើកកិត្តិយស ហើយគ្រួសារសពមិនទទួលការនិន្ទារពីរាស្ត្រ។ ចាយកាន់តែតិច កាន់តែល្អ។ បើមិនដូច្នោះទេ ការអោយលុយ ៣០០០លានរៀលនេះ អាចនឹងត្រូវរាស្ត្រមើលឃើញថា គ្រាន់តែនាំគ្នាសម្អុយឈ្មោះសពសម្តេចបន្ថែម អោយរាស្ត្រកាន់តែស្អប់សពប៉ុណ្ណោះ ហើយច្បាស់ណាស់គ្រួសារសព គេមិនចង់លឺរាស្ត្រជេរសពឪគេនោះឡើយ។ វិធីទី៣ បើអោយហើយ ក៏រក្សាទុកបណ្តោះអាសន្នសិនទៅ តែគ្រួសារសព ចេញលុយផ្ទាល់ខ្លួន ដល់តែចប់កម្មវិធី ក៏ប្រគល់ ៣០០០លានរៀល មកអោយរាជការវិញ នោះកាន់តែប្រសើរ។
យោបល់រាស្ត្រតូចតាចទេ។ បើមិនយក គ្រវាត់ចោលទៅ។ ខុសត្រូវយ៉ាងណា កាលនៅរស់ក៏ដោយចុះ រាស្ត្រតូចតាចជូនទឹកមួយផ្តិលលាងសពជូនដំណើរសម្តេចចុះ។
Post a Comment